ប្លក់​យើង​ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ចែក​រំ​លែក​នូវ​ឯក​សារ​ផ្សេង​ៗ​ជា​ភាសារ​ខ្មែរ ដោយ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ខ្មែរ​យូនី​កូដ។ សូម​ទទួល​យក និង​ទាញ​យក​ឯក​សារ​អំពី​ប្លក់​យើង​ខ្ញុំ​ដោយ​ឥត​គិត​ថ្លៃ។ ព្រម​ទាំង​មាន​ទទួល​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​​ដោយ​ឥត​គិត​ថ្លៃ​។ ពត៌មាន​លំអិត​សូម​ទំនាក់​ទំនង​មក​កាន់៖ monyassignment@gmail.com, Tel: 093929295

Jul 28, 2012

កិច្ចការ​ស្រាវជ្រាវ​អំពី៖ ដំណាំ​ឪឡឹក និង​ប៉េង​ប៉ោះ



watermelon


១.ដំណាំ​ឪឡឹក
 
ប្រវត្តិ​របស់​ឪឡឹក៖ ឪឡឹក​មាន​ប្រភព​កំណើត​នៅ​កោះ​ខ្សាច់​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិច​ ហៅ​ថា Kalaharia (ស្ថានីយ៍​ពូជ​បន្លែ​ក្បាល​កោះ)។ ការ​បរិភោគ​ឪឡឹក​មាន​តាំង​ពី​៤០០​ឆ្នាំមុន​នៅ​សម័យ​អេស៊ីប។ ដំណាំ​ឪឡឹក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​តំបន់​ក្តៅ លើ​ពិភព​លោក​ជា​ពិសេស​នៅ​តំបន់​ត្រូពិច និង​ស៊ុប​ត្រូពិច​នៅ​ទ្វីប​អាហ្រ្វិច។ នៅ​៣០០០​ឆ្នាំមុនការ​ដាំដំណាំ​ឪឡឹក​ភាគ​ច្រើន​ដាំនៅ​តំបន់​មេឌីទែរ៉ានេ។ ឪឡឹក​ត្រូវ​បាន​នាំ​ចូល​ទៅ​ប្រទេស​ឥណ្ឌា​តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ ហើយ​រីក​សាយ​ភាយ​ទៅ​ប្រទេស​ចិន​នៅ​ស.វទី១០, ជប៉ុន​នៅ​ស.វ​ទី១៦, នៅអាស៊ីអាគ្នេយ៍​ស.វ​ទី១៥ និង​នៅ​អាមេរិច​មុន​ពេល​កូលុម​ប៊ី។ ហើយ​នាពេល​បច្ចុប្បន្ន​ឪឡឹក​ត្រូវ​បាន​រី​ក​សាយ​ភាយ​ និង​ដាំ​ដុះ​នៅ​ទូទាំង​តំបន់​ត្រូពិច និង​ស៊ុប​ត្រូពិច។
          ១.១.​ លក្ខណៈ​រូបសាស្រ្ត​នៃ​ដំណាំ​ឪឡឹក
            ក. ចំណាត់​ថ្នាក់​ដំណាំ​ឪឡឹក​​
            ក្រុម​អ្នក​ក្សេត្រ​វិទូ​បាន​បញ្ចូល​ដំណាំ​ឪឡឹក​ទៅ​ក្នុង​គ្រួសារ​ Cucurbitacea លំដាប់​ Cucurbit ដែលមាន​ឈ្មោះ​វិទ្យាសាស្រ្ត Citrullus Lanatus ឈ្មោះ​ជា​ភាសា​អង់គ្លេស Water melon  និង​មាន​ក្រូម៉ូសូម ២n=២២។

          ខ. សរីរាង្គ​លូត​លាស់
            ខ.១ ដើម
            ដើម​ឪឡឹក​តូច​ឆ្មារ​មាន​រាង​ជ្រុង និង​ឆ្នូត​តាម​បណ្តោយ​ដើម។ ដើម​មាន​បណ្តោយ​១.៥​ ទៅ ៥ ម៉ែត្រ ហើយ​អាច​បត់​បែន​បាន​ និងមាន​រោម​ពណ៌​ស។
ខ.២ ស្លឹក
ឪឡឹក​មាន​ស្លឹក​ទោល ស្លឹក​ឆ្លាស់គ្នា ស្លឹ​​​​ក​​សំប៉ែត​ស្តើង​មាន​រូប​​សណ្ឋាន​​ច្រើន​ប្រភេទ រាង​​ឆែក​ រាង​ទ្រវែង​ (Oblong-ovate) មាន​ទ្រនុង​លេច​ចេញ​មក​ក្រៅ​ ទំហំ​ស្លឹក​ ៥-២០ស.ម ស្លឹក​កង្ហារ​ជ្រៅ​ ៣-៥ឆែក ដែល​ឆែក​នោះ​មាន​រាង​ដូច​ស៊ុត​ទ្រវែង​មាន​ទ្រនុង​លេច​ចេញ​មក​ខាង​ក្រៅ ស្លឹក​ស្ថិត​តំរៀប​ដូច​ធ្មេញ ហើយ​ឆែក​មួយ​នៅ​ចំ​កណ្តាល​ធំ​ជាង​គេ។ ទង​ស្លឹក​មាន​ប្រវែង​២-​១៤​ស.​ម​ ដៃ​មាន​ប្រវែង​២-៤​ស.​ម។
ខ.៣ ប្រព័ន្ធ​ឬស
ឬស​ឪឡឹក​មាន​ពីរ​ប្រភេទ គឺ​ឬស​កែវ និង​ឬស​ស្ញែ ហើយ​វា​ចាប់​ចាក់​ចូល​ទៅ​ក្នុង​ដៅ​ជម្រៅ​ប្រមាណ​ ៥០-៦០​ស.ម។ (គួន ហ៊ិន, ២០០២)។
ខ.៤ ផ្កា
ឪឡឹក​មាន​ផ្កាញី និង​ផ្កា​ឈ្មោល​ដាច់​ដោយ​ឡែក​ពី​គ្នា។ ផ្កាឈ្មោល​ច្រើន​រីក​មុន​ផ្កា​ញី​ ហើយ​ការ​បង្ក​កំនើត​ច្រើន​ធ្វើ​នៅ​ពេល​ព្រឹក​ម៉ោង​៧ ដល់​ម៉ោង​១១ (ថូ ធិតា, ២០០៣)។
ឪឡឹក​មាន​ផ្កា​ឈ្មោល ឬ​ឯក​ភេទ​ ផ្កា​ចេញ​ពី​គល់​ស្លឹក ហើយ​នៅ​លើ​ទង​ផ្កា​មាន​រោម​វែងៗ​ មាន​ពណ៌​លឿង​ព្រលែត មាន​អង្គត់​ផ្ចិត​ ២-៣ស.ម។ ជា​​​ធម្មតានៅ​ក្នុង​វដ្ដ​ជីវិត​របស់​វាមាន​៦​កេសសឈ្មោលត្រូវ​នឹង​១កេសសញី ផ្កា​ឪឡឹក​មាន​ត្របក​៥ និងស្រទាប់​៥​ ផ្កា​ឈ្មោល​មាន​ថង់​លំអង៣ នៅ​លើ​ទង​កេសស​ឈ្មោលខ្លី ​ផ្កា​ញី​នៅ​ខាង​ក្រោម​មាន​រាង​ដូច​ស៊ុត អូវែ​មាន​រោម និង​បំពង់​លំអង​ខ្លី​មួយ បញ្ចប់​ដោយ​ស្ទិច​ម៉ា៣ ទឹក​ដម​នៅ​ក្នុង​ផ្កា​ញី។
ខ.៥ ផ្លែ
ផ្លែ​ឪឡឹក​មាន​ប្រភេទ​ខុស​ៗ​គ្នា​​ទោ​តាម​ពូជ​ដូចជា៖ រាង​មូល រាង​ទ្រវែង ​និង​ពង​ក្រពើ មាន​ប្រវែង​៦០-៧០ស.ម និង​មាន​ទំងន់​ពី​១.​៥ ទៅ ៣​គ.ក។ ឯ​សំបក​ក៏​ប្រែ​ប្រួល​ទៅ​តាម​ប្រ​ភេទ​ពូជដែរ គឺ​សំបក​​ពណ៌​បៃ​តង ពណ៌​ពង​មាន់ ពណ៌​លឿង ពណ៌​បៃ​តង​ខ្ចី និង​ពណ៌​បៃតង​ចាស់ ចំពោះ​ពណ៌​ទាំង​អស់​នេះ​អាច​មាន​ពណ៌​ដូច​គ្នា​ទាំង​អស់ ពណ៌​ចំរុះ​ ឬ​ពណ៌​ឆ្នូតៗ។ សាច់​លាត​សន្ធឹង​សំបក​ ហើយ​សាច់​ពណ៌​ក្រហម ឬ​ពណ៌​លឿង​ ប៉ុន្តែ​ក៏​មាន​ពណ៌​ផ្កាឈូក​ ពណ៌​ទឹក​ក្រូច​ ឬ​ពណ៌​ស​ផង​ដែរ។ វាយនៈ​ភាព​សាច់​មាន​គ្រាប់ សាច់​ម៉ដ្ឋ ឬ​គ្រើម និង​សសៃ។​
ខ.៦ គ្រាប់
ឪឡឹក​មាន​គ្រាប់​ពាស​ពេញ​សាច់ និង​មាន​ប្រមាណ​ពី២៥០-៩០០ គ្រាប់​ក្នុង​មួយ​ផ្លែ។ គ្រាប់​មាន​សណ្ដាន​រលោង រាង​សំប៉ែត មាន​បណ្តោយពី ៦-១៥ម.ម។ គ្រាប់​ឪឡឹក​មាន​ពណ៌​ខុស​ៗ​​គ្នា ​អាស្រ័យ​ទៅ​តាម​​ពូជ ដូចជា​ពណ៌​ខ្មៅ ពណ៌​ត្នោត ពណ៌​លឿង​ ហើយ​កម្រ​មាន​​ពណ៌​សណាស់ មិន​តែ​ប៉ុណ្ណោះ​គ្រាប់​​ឪឡឹក​គ្មាន​អង់​ដូ​ស្ពែម​ទេ (ថូ ធិតា,២០០៣។

          ១.២. លក្ខណៈ​ជីវសាស្រ្ត​របស់​ដំណាំ​ឪឡឹក
          ក. ដំណាក់​កាល​លូត​លាស់​របស់​ដំណាំ​ឪឡឹក
          ក.១ ដំណាក់​កាល​ដុះ​ពន្លក
            គ្រាប់​អាច​រក្សា​ទុក​បាន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​៨ឆ្នាំ នៅ​ក្រោម​សីតុណ្ហភាព ១៨អង្សាសេ។ ឪឡឹក​មាន​ដំណុះ​​អ៊ី​ជីពីល​ ហើយ​វារីក​កូទី​ដូន​នៅ​រយៈ​ពេល ១០ថ្ងៃ ក្រោយ​ពី​សាប​ និង​ចេញ​ស្លឹក​តំបូង​នៅ​សប្តាហ៍​ក្រោយ ​បន្ទាប​មក​លើ​ដី​ចេញ​ស្លឹក​ពី ២ ទៅ ៣ តែ​មិន​សូវ​ឆែក​​ជ្រៅ​ទេ (គួន​ ហ៊ិន, ២០០២)។
          ក.​២ ដំណាក់​កាល​លូត​លាស់​ដើម និង​ស្លឹក
            គេ​តែង​តែ​សង្កេត​ឃើញ​ដុះ​ចេញ​បន្ត​បន្ទាប់​គ្នា​តាម​ប្រព័ន្ធ​ឆ្លាស់ ហើយ​ដើម​មេ​ពន្លូត​ដើម​​ក៏​កាន់​តែ​ខ្លាំង​ ចន្លោះ​ថ្នាំង​ក៏​កាន់​តែ​លូត​វែង ឯដើម​មេ​វិញ​ដុះ​លូត​លាស់​បាន​៣-៤​ថ្នាំង​ទើបបែក​មែក។​
          ក.៣ វគ្គ​បន្ត​ពូជ
          វគ្គបន្ត​ពូជ គឺ​ជា​ដំណាក់​កាល​មួយ​ដែល​ដំណាំ​តែង​តែ​ទាំម​ទារ​នូវ​លក្ខខណ្ឌ​ដ៏​ប្រ​សើរ​មួយ​ ដូចជា សំណើម​ដី បរិយាកាស និង​សី​តុណ្ហភាព។ ផ្កាញី​ដំបូង​តែង​តែ​មាន​ការ​អភិវឌ្ឍន៍​អូវែ​ខ្សោយ ហើយ​បង្កើត​បាន​ជា​ផ្លែ។ ផ្កា​អាច​ចេញ​ រហូត​ដល់​៥០-៨០​ថ្ងៃ​ បន្ទាប់​ពី​ដំណុះ។
ផ្កា​ឪឡឹក​រីក​បន្ទាប់​ពី​ព្រះ​អាទិត្យ​រះ និង​បន្ត​រីក​រហូត​ដល់​ពេញ​មួយ​ថ្ងៃ។ កន្សោម​កេសស​ញី​ និង​ទង​កេសស​ឈ្មោល​មាន​​នៅ​លើ​ថ្នាំង​ទី​២ និង​ទី​៣ ក្រោយ​​ពេល​ផ្កា​រីក​នៅ​ថ្ងៃ​ដដែល។ ការ​រោយ​លំអង ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​សត្វ​ល្អិត ដូចជា​ឃ្មុំជា​ដើម។ នៅ​កំឡុង​ពេល​២៤​ម៉ោង បន្ទាប់​ពី​រោយ​លំអង ​ទង​ផ្កា​ឡើង​វែង និង​កោង​ពី​លើ​ចុះ​ក្រោម​ ជា​មួយ​នឹង​អូ​វែ​ឡើង​​ប៉ោង។ ការ​ប្រមូល​ផល គឺ​ចាប់​ពី​៣០-៥០​ថ្ងៃ បន្ទាប់​ពី​ការ​រោយ​លំអង​ផ្កា យោង​ទៅ​តាម​អាកាស​ធាតុ​ និង​ភាព​ខុស​ប្លែក​គ្នា​នៃ​ពូជ ធ្វើ​ឲ្យ​ទំ​ហំ​ផ្លែ​នឹង​ការ​​ទុំ​មាន​លក្ខណៈ​មិន​ដូចគ្នា។
         
          ខ. រដូវ​ការ​ដាំ​ដុះ
          ជា​ធម្មតា​គេ​ដាំ​ឪឡឹក​នៅ​រដូវ​ទឹក​សំរក គឺ​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មករា ឬ​គេ​ដាំ​បន្ត​ទៅ​ទៀត​បាន​ដោយ​ទាម​ទារ​ការ​ថែ​ទាំ​បំប៉ន​យ៉ាង​ខ្លាំង ដើម្បី​ទប់​ទល់​នឹង​សីតុណ្ហភាពខ្ពស់ ដោយ​ប្រើ​ថ្នាំ​ត្រជាក់​ជំនួយ​ផង ហើយ​​មិន​ត្រូវ​ដាំ​លើ​ដី​ដដែរៗ ឬ​ជិត​ចំការ​ប្រមូល​ផល​រួច​ហើយ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ជម្ងឺ និង​ត្រូវ​ការ​ស្រូប​តែ​ជី​មួយ​ប្រភេទ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខូច​តុល្យ​ភាព​ប្រប័ន្ធ​ជី​ក្នុង​ដី (អឿន ឡាំង, ១៩៩៥)។

គ. តម្រូវការ​អាកាស​ធាតុ
          គ.១ ពន្លឺ
            ពន្លឺ​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ធម្មជាតិ ឪឡឹក​ត្រូវ​ការ​ពន្លឺ​ថ្ងៃ​ថេ ហើយ​ពន្លឺ​ថ្ងៃ​ និង​អាកាស​ធាតុ​ស្ងួត​ជា​លក្ខណៈ​ល្អ​សម្រាប់​ការ​ដុះ​លុត​លាស់​លឿន និង​ការ​បង្កើន​ផ្លែ។
          គ.២ សីតុណ្ហភាព
            ឪឡឹក​ជា​ដំណាំ​ដែល​ត្រូវ​ការ​សីតុណ្ហភាព​ក្តៅ​ល្មម គឺ​នៅ​ពេល​ថ្ងៃ​២០-៣០អង្សាសេ និង​​នៅ​ពេល​យប់​ធំជាង​១៨អង្សាសេ។
          គ.​៣ ទឹក​ និង​សំណើម​បរិយាកាស
          ចំពោះ​ឪឡឹក ​បើ​កំពស់​ទឹក​ភ្លៀង​ខ្ពស់ នោះ​បណ្តាល​ឲ្យ​ជះ​ឥទ្ធិពល​ទៅ​លើ​ដើម​គឺ​រលួយដោយ​ជាំ​ទឹក​ និង​ផ្លែ​បែក​ដោយ​បរិមាណ​ទឹក​នៅ​ក្នុង​ផ្លែ​ច្រើន​ពេក ឬ​រលួយ។ ឪឡឹក​មាន​ឬស​ជ្រៅ​ធន់​នឹង​ការ​រាំង​ស្ងួត​ល្មម ប៉ុន្តែ​បើ​មិន​មាន​ទឹក​គ្រប់​គ្រាន់​មុន​រដូវ​ ជា​ទូទៅ​ធ្វើ​ឲ្យ​ការ​ដុះ​លូត​លាស់​ដើម​ និង​​ទិន្នផល​ផ្លែ​ប្រសើ​ឡើង។ ពេល​សំខាន់​នៅ​ក្នុង​​សក្តានុពល​ទិន្នផល​កំណត់​គឺ នៅ​ពេល​ផ្កា​លេច​ចេញ​ដំបូង​ឡើង ដូច្នេះ​សំណើម​គ្រប់​គ្រាន់​ គឺ​នៅ​ពេល​ចេញ​ផ្កា​ដំបូង​នេះ​ហើយ។ ឪឡឹក​​ត្រូវ​ការ​សំណើម​ពី​៧៥-៨៥%។ ការ​ស្រោច​ស្រព គឺ​មិន​ដែល​បាន​​ប្រើ​បន្ទាប់​ពី​ផ្លែ​ជិត​មាន​ទំហំ​ពេញ​លេញទេ។ ការ​ស្រោច​ទឹក​នៅ​រដូវ​កាល​ផ្លែ​ទុំ វា​អាច​ធ្វើ​ឲ្យ​ពន្យា​ពេល​ប្រមូល​ផល បណ្តាល​ឲ្យ​ផ្លែ​ប្រេះ​បែក និង​បន្ថយ​ជាតិ​ផ្អែម​នៅ​ក្នុង​សាច់  (Decteau, ២០០០)។

ឃ. តម្រូវ​ការ​សារធាតុ​ចិញ្ចឹម
          ដំណាំ​​ឪឡឹក​ត្រូវ​ការ​ដី​ដែល​មាន​កន្លែង​បញ្ចេញបញ្ចូល​ទឹក​គ្រប់​គ្រាន់ ដី​ខ្សាច់​មាន​ជី​ជាតិ​ល្អ និង​មាន​ធាតុ​សរីរាង្គ​ខ្ពស់។ ដី​ល្អ​ប្រសើ​របំផុត​សំរាប់​ការ​ដាំដុះ​ឪឡឹក​នោះ​គឺ​មាន​pHពី​៦-៧ ប៉ុន្តែ​ទាប​ជា​នោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ជម្ងឺSoiborne
          ដំណាំ​ឪឡឹក​ត្រូវការ​សារធាតុ​ចិញ្ចឹម​ ទាំង​ម៉ាក្រូ​សារធាតុ​ចិញ្ចឹម និង​​មីក្រូ​សារធាតុ​ចិញ្ចឹម។ ម៉ាក្រូ​សារធាតុ​ចិញ្ចឹម​មាន​ អាសូត(N), ផូស្វ័រ(P), ប៉ូតាស្យូម(K), កាល់​ស្យូម(Ca), ម៉ាញ៉េស្យូម(Mg) និងម៉ង់​កាណែស(Mn) រីឯ​មី​ក្រូ​សារធាតុ​ចិញ្ចឹម​រួមាន ទង់​ដែង(Cu) និង​ស័ង្កសី(Zn) ប៉ុន្តែ​ចំពោះ​កម្រិត​តម្រូវ​ការ​របស់​ដំណាំ​ឪឡឹក​ទៅ​លើ​សារធាតុ​ចិញ្ចឹម​​ទាំង​អស់​គឺមាន​កម្រិត​ខុសៗគ្នា។

១.៣. អត្ថប្រយោជន៍
          ផ្លែ​ឪឡឹក​ក្រៅ​ពី​មាន​ឳជារស​ផ្អែម​ឆ្ងាញ់​នៅ​ពេល​ទុំ​ហើយ​នោះ គេ​អាច​យក​វា​ទៅ​ធ្វើជា​វត្ថុ​សិល្បៈ(ឆ្លាក់​ផ្លែឈើ),ឳសថព្យាបាល​ជម្ងឺរាក, រោគ​ក្តៅ​ក្នុងបាន សំបក​វា​គេ​អាច​យក​ទៅ​ត្រាំ​ទឹក​អំបិល ត្រាំទឹក​ផ្អក និង​យក​ទៅ​ធ្វើ​ជា​ជ្រក់​បានយ៉ាង​ឆ្ងាញ់​ពិសា។ ក្តិប​ឪឡឹក​គេ​អាច​យក​មក​ធ្វើ​ជា​ឪសថ​ ជា​បន្លែ​សម្រាប់​មុខម្ហូប​ជា​ដើម។ រីឯដើម​ឪឡឹក​ក៏​អាច​យក​មក​ធ្វើជា​ថ្នាំ​ត្រជាក់​បានផងដែរ។ គ្រាប់​ឪឡឹក​អាច​យក​មក​លីង​សំរាប់​ធ្វើជា​ចំនី​កំដរ​ម៉ាត់ពេលទំនេរបាន។







២.ដំណាំ​ប៉េង​ប៉ោះ
ប្រវត្តិ​របស់​ប៉េង​ប៉ោះប៉េង​ប៉ោះ​គឺ​ជា​ដំណា​បន្លែ​មួយ​ដែល​មាន​ដើម​កំណើត​នៅ​​អាមេរិច​កណ្តាល និង​អាមេរិច​ខាង​ត្បូង។ វា​មាន​ប្រភព​មក​ពី​ជួរ​ផ្នំ​អង់ (Andes) ដែល​លាត​សន្ធឹង​យ៉ាង​វែង​កាត់​ប្រទេស​មួយ​ចំនួន​ដូចជា៖ បូលឺវី, ស៊ីលី, កូលំប៊ី, អេក្វាទ័រ ហើយ​ត្រូវ​បាន​យក​មក​ដាំ​ដុះ​ដោយ​ប្រទេស​មិចសិច​កូ។ កំឡុង​ឆ្នាំ​១៥៩៧ ប៉េង​ប៉ោះ​មិន​ត្រូវ​បាន​គេ​យក​មក​បរិភោគ​ទេ​នៅ​ទ្វីប​អឺរ៉ុប ប៉ុន្តែ​គេ​យក​វា​ទៅ​ធ្វើ​ជា​ឳសថ។ ពូជ​ប៉េង​ប៉ោះ​ទាំង​អស់​ដែល​មាន​នៅ​ទ្វីប​អឺរ៉ុប​ និង​អាស៊ី​ត្រូវ​បាន​នាំ​ចូល​ដោយ​ពួក​អេស្ប៉ាញ និង​ព័រ​ទុយ​ហ្គាល់​នៅ​ស.វទី១៦។ ក្រោយមក​វា​បាន​រីក​រាលដាល​ដល់​ទ្វីប​អាហ្រ្វិច​ដោយ​ពួក​អឺរ៉ុប និង​នាំចេញ​ពី​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អាមេរិច​នៅ​ស.វទី១៨។ នៅ​ស.វ​ទី១៩ ប៉េង​ប៉ោះ​ត្រូវ​បាន​គេ​ដាំ​យ៉ាង​ច្រើ​ន​ទូទាំង​ពិភព​លោក។
          ២.១. លក្ខណៈ​រូបសាស្រ្ត​នៃ​ដំណាំ​ប៉េង​ប៉ោះ
          ក. ចំណាត់​ថ្នាក់​នៃ​ដំណាំ​ប៉េង​ប៉ោះ
          ដំណាំ​ប៉េង​ប៉ោះ​ជា​ដំណាំ​មួយប្រភេទ​ដែល​ស្ថិន​នៅ​ក្នុង​គ្រួសារ Solanaceae ដែល​មាន​ឈ្មោះ​វិទ្យា​សាស្រ្ត​ថា Lyconpersicon esculentum Mill ឈ្មោះ​ជា​ភាសា​អង់គ្លេស Tomato និង​ជា​ភាសា​បារាំង Tomate ស្ថិត​ក្នុង​លំដាប់​Personata និង​នៅ​ក្នុង​ថ្នាក់​ Dicotyledons (Janpierpato, ១៩៩៨)។

          ខ. សរីរាង​លូតលាស់
          ខ.១. ដើម
            នៅ​ក្នុង​លក្ខខណ្ឌ​អំណោយ​ផល ប៉េង​ប៉ោះ​អាច​លូត​លាស់​ពេញ​មួយ​ឆ្នាំ ហើយ​មាន
​​​កំពស់​ដល់​ទៅ​២ម ឬ​លើស​ពី​នេះ​ក៏មាន​។​ដើម​មាន​ទម្រង់​មូល ឬ​ជ្រុង​ ហើយ​ផ្តុំ​គ្នា​ជា​កង់ៗ ចន្លោះ​ពី​ស្លឹក​មួយ ទៅ​ស្លឹក​មួយ​។ នៅ​លើ​ដើម​មាន​រោម​ពណ៌​សាច់​ខ្ចីៗ ដុះ​ចេញ​ពី​សំបក​នៃ​ដើម​ហៅ​ថា​ភ្នាស​អេពី​ឌែម។​កាល​ណា​កាត់​ទទឹង​ដើម​គេ​សង្កេត​ឃើញ​ថា​ដើម​បង្គុំ​ឡើង​ដោយ​អង្គត់​(រង្វង់)ផ្សេង​៤ចំនែកគឺ៖
-​រង្វង់​ទី១៖ ស្រទាប់ក្រៅ​គេ​ហៅ​ថា​សំបក​នៃ​ដើម (Cortex)
-​រង្វង់​ទី​២៖ គឺ​ជា​ស្រទាប់​ ឬជាន់​ទី​២​ហៅ​ថា​សសៃ​នាំ​ចុះ (Phloem)
- រង្វង់​ទី៣៖ គឺ​ជា​ស្រទាប់​សាច់រឹង​ហៅថា​សសៃ​នាំ​ឡើង (Xylem)
-រង្វង់​ទី៤៖ គឺជា​ស្នូល​ស្ពោត​ដូច​សំឡី ហើយ​ទន់​រក្សា​នូវ​សំណើម​នៅ​ក្នុង​ដី​ហៅ​ថា​(Pith)
ដើម​លូត​លាស់ ​ទៅ​តាម​ប្រភេទ​នៃ​ពូជ គឺ​ពូជដែល​លូត​លាស់ ​មិន​កំណត់ (Inditerminate) គេសំគាល់​ដោយ​ស្មែង​ផ្កា (Inflorescence) ចេញ​នៅ​ចំហៀង​ដើម​ ហើយ​ត្រួយ​វា​បញ្ចប់​ដោយ​ស្មែង​ផ្កា​ត្រួយ និង​លទ្ធភាព​លូត​លាស់​បន្ត​ទៅ​ទៀត​ផ្នែក​ខាង​លើ។ ចំណែក​ឯ​ប្រភេទ​ពូជ​លូត​លាស់​កំណត់ (Determinate) ភាគ​ច្រើន​មាន​កំពស់​ដើម​ទាប​ព្រម​ទាំង​បញ្ចប់​ការលូត​លាស់​​ដោយ​ស្មែង​ផ្កា និង​ប្រ​ភេទ​លូតលាស់​ពាក់​កណ្តា​កំណត់​(​Semi-determinate) គឺមាន​មែក​ខ្លះ​លូត​លាស់​បន្ត និង​មែក​ខ្លះ​បញ្ចប់​ការ​លូត​លាស់​ក្នុង​ដើម​តែ​មួយ (ម៉ុង វ៉ាន់​ឌី, ២០០០)។
ខ.២. ស្លឹក
ប៉េងប៉ោះ​មាន​ស្លឹក​ឆ្លាស់​គ្នា​ឡើង​ដោយទ្រនុង​តូច​មួយ​ និង​ទ្រនុង​ធំមួយ​ដែល​តំរៀប​គ្នា​ជាជួរ និង​ឆ្លាស់​គ្នាតាម​ប្រ​ភេទ​ស្លឹក​តូច​ស្លឹក​ធំគឺ៖
-ប្រភេទស្លឹក​ទី១៖ ស្លឹក​ណាមាន​ទ្រនុង​ធំ និង​មាន​ស្លឹក​ធំ​មួយ​គូរ​ប្រឈម​គ្នា​ដោយ​ស្លឹក​តូចៗ​មួយ​គូរៗ
-​ប្រភេទ​ស្លឹក​ទី២៖ ស្លឹក​ដែល​មាន​រាង​ដូច​ស្លឹក​ដំឡូង​បារាំ ជា​ស្លឹក​ឆ្លាស់​កំណើត​ហើយ​មាន​ពណ៌​បៃ​តង​ចាស់។ (Janpierpto,១៩៩៨)។
ខ.៣. ប្រព័ន្ធ​ឬស
ប៉េង​ប៉ោះ​ដើម​ខ្លី​មាន​ឬស​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ឬស​រយោង​សាំញ៉ាំសាមញ្ញ ប៉ុន្តែ​ឬស​ទាំង​នោះ​នឹង​ងាប់​ទៅ​វិញ​យ៉ាង​ឆាប់​ក្រោយ​ពី​បង្កើត​ប្រព័ន្ធ​ឬស​ជា​ថ្មី។ ប្រព័ន្ធ​ឬស​ខាង​ក្រោម​លូត​លាស់​​បែក​ខ្ញែក​យ៉ាង​ច្រើន។ ក្រោយ​ពី​គ្រាប់​ទៅ​ក្នុងដី​ ដើម​ថ្មី​ដុះ​ចេញ​ឡើង​ពេញ​រូប​រាង​វា​បង្កើត​បាន​ជា​ប្រព័ន្ធ​ឬស​មួយ​បែក​ខ្ញែក​យ៉ាង​ច្រើន និង​ចាក់​ចូល​ទៅ​ក្នុង​ដី​អាច​រហូត​ដល់​ជម្រៅ ១.៥ម រីឯ​ឬស​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ជម្រៅ៥០-៨០ស.ម។ ចំពោះ​ដើម​ប៉េង​ប៉ោះ​ដែល​ដាំ​ដោយ​កូន​ប្រព័ន្ធ​ឬស​ស្ថិត​នៅ​ក្នុង​ដី​ខាង​លើ​ក្នុង​ជម្រៅ​៤០ស.ម (Janpierpato,​១៩៩៨)។


ខ.៤. ផ្កា
ប៉េង​ប៉ោះ​មាន​ផ្កា​លឿង​ផ្តុំ​គ្នា​ជាកញ្ចុំ​​ហៅ​​ថា​ចង្កោម​ដែល​មាន​ផ្កា​ច្រើន។ ផ្កា​ផ្សំ​ឡើង​ពី Ovary, Stamens, stigma, petals និង spale
-ចង្កោម​ផ្កា​ទោល ឬ​ធម្មតា៖ គឺ​ផ្នែក​ដែល​ស្ថិត​នៅ​លើ​ទង​តែមួយ ប៉ុន្តែ​ឆ្លាស់​គ្នា។
          -​ចង្កោម​ផ្កា​សាំ​ញ៉ាំ៖ ផ្នែក​ស្ថិត​នៅ​លើ​ទង​ច្រើន​ ដែល​បែក​ចេញ​ជា​ទង​តូចៗទៀត ប៉ុន្តែ​ផ្នែក​នោះ​នៅ​ឆ្លាស់​គ្នា។
          -ចង្កោម​ផ្កា​ពាក់​កណ្តាល​សាំ​ញ៉ាំ៖ចង្កោម​ផ្កានោះ​ចែក​ខ្នែង​តិច ឬ​តែ​មួយ​គត់​ទៅ​តាម​ទម្រង់​ចង្កោម​ ហើយ​អាច​ចែក​ចេញ​ជា​ចង្កោម​ក្រាស់​ហាប់ ចង្កោម​ស្តើង​ពាក់​កណ្តាល​ក្រាស់ និង​មាន​ប្រវែង​ប្រហែល​ៗគ្នា។​ លោក​(Janpierpato, ១៩៩៨) បាន​បែង​ចែក​ចង្កោម​ផ្កា​តាម​រយៈ​ប្រវែង​៣​ប្រភេទគឺ៖ ខ្លី(១០-១២ស.ម), មធ្យម(១៦-៣០ស.ម), ប្រវែង​លើស​ពី(៣០ស.ម)។
          ខ.៥. ផ្លែ
          ផ្លែ​ប៉េង​ប៉ោះ​មាន​សាច់​សើម មាន​រាង​ស្ទើ​សំប៉ែត​បន្តិច មូល និង​ទ្រវែង។ ផ្លែ​មាន​ពណ៌ផ្សេងៗ​គ្នា​ដូចជា​ស បៃតង ក្រហម ផ្កាឈូក ពណ៌ទឹក​ក្រូច និង​ពណ៌​លឿង​ជាដើម។ ទំរង់​ផ្លែ​មាន​ពី ២ក្រាម រហូត​ដល់ជិត​ ២០០ក្រាម (ផ្លែ​ល្អិត​ ៤០​ក្រាម ផ្លែ​ធំ​៦០​ក្រាម ផ្លែ​ធំ​ធ្ងន់​ជាង​១២០​ក្រាម)។ ប៉េង​ប៉ោះ​គេ​ដាំ​សម្រាប់​ប្រើ​ប្រាស់​មាន​ពូជ​ផ្សេងៗ ប្រសិន​បើ​និយាយ​ពី​លក្ខណៈផ្លែ។ ចំនួន​ថត​ក្នុង​ផ្លែ​មាន​ពី​២ រហូត​ទៅ​២០ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ថត​ទាំង​នេះ​អាច​តំរៀប​គ្នា​ស្មើ ឬ​មិន​ស្មើ​ និង​អាចប៉ុន​គ្នា ឬតូច​ជាង​គ្នា (Janpierpato, ១៩៩៨)។
ខ.​៦. គ្រាប់​​
គ្រាប់​ប៉េង​ប៉ោះ​មាន​រាង​តូច​សំប៉ែត ហើយ​មាន​រោម​ពណ៌​ត្នោត និង​មាន​​ទំហំ​៣-៥ម.ម។ ក្នុង​មួយ​ផ្លែៗ​មាន​គ្រាប់​ចំនួន​គ្រាប់​ជា​មធ្យម ២៥០​គ្រាប់ ហើយ​មាន​ទំងន់​គ្រាប់​ក្នុង​១ក្រាម មាន​គ្រាប់​ពី​២៤០-៣០០គ្រាប់ហើយ​ក្នុង​គ្រាប់​មាន​សំណើម​ពី​១០-១១% ព្រម​ទាំង​មាន​រសជាតិ​ប្រេង​ប្រមាណ​២០-២៤%។ គ្រាប់​ផ្តុំ​ឡើង​ដោយចំណេក​ជាច្រើន​គឺ​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ រោម​សំបក​គ្រាប់ (seed coat hairs) បន្ទាប់​មក​មាន​សំបក​គ្រាប់ (seed coat) ហើនៅ​ក្នុង​គ្រាប់​មាន​កូទី​លេដុងចំនួន​​២ នៅ​ចន្លោះ​កូទី​លេដុង​មាន​សរីរាង្គ​បន្ត​ពូជ​ងៅ​ថា​អំ​ប្រ៊ី​យ៉ុង​ (Embryo) គឺ​​សម្រាប់​ឲ្យ​កំណើត​ទៅ​ជា​កូន​ប៉េង​ប៉ោះ​ក្រោយ​ពី​វា​មាន​ដំណុះ (Germination) (លី សុវណ្ណារា, ២០០៣)។

២.២. លក្ខណៈ​ជីវសាស្រ្ត​របស់​ដំណាំ​ប៉េង​ប៉ោះ
ក. ដំណាក់​កាល​លូត​លាស់​របស់​ដំណាំ​​ប៉េង​ប៉ោះ
          ជា​ទូ​ទៅ​ប៉េង​ប៉ោះ​អាច​​ដុះ​លូត​លាស់​ ចាប់​ពី​តំបន់​ទំ​នាប​រហូត​ដល់​ខ្ពង់​រាប​ដែល​មាន​រយៈ​កំពស់​ពី​២០ម ដល់​ ១០០០​ម ធៀប​ទៅ​នឹង​កម្រិត​ទឹក​សមុទ្រ។ ការ​លូត​លាស់​របស់​ប៉េង​ប៉ោះ​មាន​៥​ដំណាក់​កាល។
ក.១ ដំណាក់​កាល​ដុះ​ពន្លក
គ្រាប់​ប៉េង​ប៉ោះ​អាច​ដុះ​ពន្លក​បាន​កាល​ណា​លកខណ្ឌ​សំណើម និង​សី​តុណ្ហភាព​គ្រប់​គ្រាន់។ ស្លឹក​កូទីលេដដុងបាន​ផ្គុំ​ឲ្យ​ជាប់​គ្នា​នៅ​ក្នុង​បំណែក​គ្រាប់​នៃ​គ្រាប់​ពូជ ហើយ​រស់​នៅ​ក្នុង​គ្រាប់​ពូជ​ក្នុង​ទំរង់​ជា​អំប្រ៊ី​យ៉ុង​ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​(assimilate)។ វារីក​លូត​លាស់​ និង​ពន្លូត​ពន្លក​ចេញ​កម​ក្រៅ ក្រោយ​ពេល​គ្រាប់​ពូជ​ស្រូប​យក​សំណើម កំដៅ និង​អុក​ស៊ី​សែន​គ្រប់​គ្រាន់។ នៅ​ពេល​ដុះ​ពន្លក​(emergence) ពេល​នោះ​កូទី​លេដុងទាំង​ពីរ​ពង្រីក​ឡើង​​ធំ​នៅ​សីតុណ្ហភាព ១៥អង្សា​សេ (Calvarte, ១៩៥៩)។ សីសុណ្ហភាព​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កូន​សំណាប​ក្នុង​រយៈ​ពេល​៤-៦​ថ្ងៃ ដំបូង​ចាប់​ពី​១៨-២០​អង្សាសេ និង​សីតុណ្ហភាព​ដី ២០-២៥អង្សាសេ។ ដំណាំ​ប៉េង​ប៉ោះ​ទាម​ទារ​នូវ​លក្ខខណ្ឌ្ឌ​យ៉ាង​ត្រឹម​ត្រូវ​សម្រាប់​លូត​លាស់។ ពេល​ពន្លក​ចាក់​ចេញ​ហើយ​ចូល​ទៅ​ក្នុង​ដី​ដំបូង​លេច​ចេញ​នូវ​ពន្លក​ក្បាល​ឬស​ (radicle) បន្ទាប់​មក​ចុង​ radicle ពន្លក​ដុះ​ឡើង​មក​លើ​ដី​ដោយ​ទូល​មក​ជាមួយ​នូវ​ស្លឹក​កូទីលេដុង​ទាំង​ពីរ​ផុស​ពី​ដី​ដែល​ហៅ​ថា hypocotyl។ តាម​ការ​ពិសោធន៍​របស់​លោក​ Verkerk and Deamon (១៩៦៤) ការ​ដុះ​ពន្លក​ឲ្យ​កំណើត​ទៅ​ជា​កូន​ប៉េង​ប៉ោះ​ក្នុង​លក្ខខណ្ឌ​សី​តុណ្ហ​ភាព​ពី​២០-២៥​អង្សាសេ មាន​រយៈ​ពេល​៤-៧ថ្ងៃ អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ និង​រយៈ​ពេល​នៃ​ដំណេក​គ្រាប់ (seed dormancy) ។​ ដូច​នេះ​កត្តា​សំខាន់​សម្រាប់​ដំណុះ​ពន្លក​របស់ ក្រាប់​​ប៉េង​ប៉ោះ​គឺ សំណើម សីតុណ្ហ​ភាព និង​អុក​ស៊ីសែន។
ក.​២ ដំណាក់​កាល​លូត​លាស់​ដើម និង​ស្លឹក
ប៉េង​ប៉ោះ​ជា​ប្រភេទ​ដំណាំ​លូតលាស់​បន្ត​រហូត​ដល់​បញ្ចប់​ការ​ប្រ​មូល​ផល។ ការ​លូត​លាស់​ដើម​ និង​ស្លឹក​ចាប់​ផ្តើម​ពី​កូន​សំណាប​រហូត​ដល់​ចេញ​ផ្កា និង​បន្ត​ពី​ចេញ​ផ្កា​រហូត​ដល់​ការ​ពង្រីក​ផ្លែ ដើម និង​ស្លឹក​បន្ត​លូត​លាស់​ទៅ​តាម​ដំណាក់​កាល​នីមួយៗ។ ស្លឹក​ទី​១ និង​ចាប់​ដុះ​ចេញ​ពី​ដើម​ប៉ែក​ខាង​លើ​នៃ​ស្លឹក​កូទី​លេ​ដុង​ហៅ​ថា mesocotyl ឬដើម។ ការ​ដុះ​ចេញ​ស្លឹក​ពី​ដើម​ ស្ថិត​ក្នុង​ប្រប័ន្ធ​ឆ្លាស់ ហើយ​ឈម​នឹង​ដើម។ ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​សម​ស្រប​ពី​២០-២៥​អង្សាសេ សំណើ​ដី​គ្រប់​គ្រាន់​ សំណើ​ម​បរិយាកាសពី៧០-៨០%ការ​លុត​លាស់​លឿន​ ហើយ​អាច​ដុះ​ចេញ​មែក​ពី​ចំណុច​គល់​នៃ​ស្លឹក​ ហើយ​មែក​នោះ​នឹង​អាច​ដុះ​ជា​មែក​តូចៗ​បន្ត​ទៀត។ ការ​លូត​​កំពស់​អាច​បន្ត​ចូល​ទៅ​ដល់​ចេញ​ផ្កា និង​ផ្លែ។
ស្លឹក​បាន​ដុះ​ចេញ​ជា​បន្ត​បន្ទាប់​គឺ​វា​ស្ថិត​នៅ​លើ​ដើម​ ដោយ​មាន​ទង​ស្លឹក​មួយ​ហើយ​មាន​តួ​ស្លឹក​​តូចៗ​ជា​ច្រើន ដុះ​ចេញ​មក​ឈម​ស្រប​គ្នា ពី​កល់​ទង​ស្លឹក​រហូត​ដល់​ចុង​នៃ​ទង​ស្លឹក។ ​នៅ​ក្នុង​ដំណាក់​កាល​នោះ កាល​ណា​សី​តុណ្ហ​ភាព​ចុះ​ទាប​មក​ត្រឹម​១៥​អង្សាសេ ធ្វើ​ឲ្យ​ស្លឹក​ប្រែ​ប្រួល​ទៅ​ជា​ធំ​ក្រាស់ និង​ម្យ៉ាង​ទៀត​កាល​ណា​សីតុណ្ហភាព​ខ្ពស់​ជាង​២៥អង្សាសេ អាច​ធ្វើ​ឲ្យ​ស្លឹក​ក្រាស់​ ខ្មូរ ឬ​ប្រែ​ពណ៌ (Tuker and Wasuwat, ១៩៧៦)។
នៅ​ក្នុង​កំឡុង​ពេល​លូត​លាស់​ដើម​ និង​ស្លឹក​នេះ​ការ​ពង្រីក​ប្រព័ន្ធ​ឬស​ក៏មាន​សភាព​ខ្លាំង​រហូត​ដល់​ចេញ​ថ្កា​១០០%។ បន្ទាប់​ពី​ឬស​ចាប់​ចាក់​ចុះ​តៅ​ក្នុង​ដី​រយៈ​ពេល​ពី​៥-៧​ថ្ងៃ ឬស​ថ្នាក់​ទី២​ហៅ​ថា​ Secondary root ចាប់​ផ្តើម​ដុះ​ចេញ​ពី​ឬស​ដំបូង។ ឬស​ទី១ ចាក់​ចូល​ទៅ​ក្នុង​​ជម្រៅ​ដី ឬសថ្នាក់​ទី២​ដុះ​លូតលាស់​ស្រទាប់​កណ្តាល បន្ទាប់មក​ឬសជញ្ជក់ ឬឬស​ថ្នាក់ទី៣ ដុះ​ចេញ​បន្ត​ពី​ឬស​ថ្នាក់​ទី២ យ៉ាង​លឿន​ក្នុង​លកខណ្ឌ​សីតុណ្ហភាព​ពេល​ថ្ងៃ​២៦.៥អង្សាសេ ពេលយប់​១៦-២២អង្សាសេ។ ឬស​នេះ​មាន​តួនាទី​ស្រូប​យក​សារធាតុ និង​ទឹក​ដើម្បី​ចិញ្ចឹម និង ពង្រីក​កោសិកា​នៃ​ដំណាំ។ តាម​ការស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិច​ក្នុង​ឆ្នាំ​១៩៨៩ មហាវិទ្យាល័យ​Guelph បាន​ឲ្យ​ដឹង​ថា​ក្នុង​ករណី​សំណើម​ជា​មធ្យម​៧០% និង​​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ឬស​ប៉េង​ប៉ោះ​អាច​ដុះ​លូត​លាស់​បាន​ក្នុង​ជម្រៅ​១.១-២ម។
ក.៣. ការចេញ​ផ្កា និង​បន្ត​ពូជ
ផ្កា​នឹង​ចាប់​ផ្តើម​ចេញ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​វគ្គ​លូត​លាស់​ពេញ​លេញ​នៃ​ដើម ដែល​តម្រូវ​ឲ្យ​មាន​សីតុណ្ហភាព​ទាប ជា​បង្គួរ​សម្រាប់​លក្ខសម្រាប់លកខណ្ឌ​មួយ​មាន​ការ​បង្ក​បង្កើន​ និង​បង្កើន​ការ​រីក និង​រោយ​លំអង(បង្ក​កំណើត) យ៉ាង​រហ័ស​ព្រម​ទាំង​បង្កើត​ចំនួន​ផ្កា​បាន​​ច្រើន​ចាប់​តាំង​ពី​កម្រិត​១៨​អង្សាសេ ឡើង​ទៅ​នៅ​ពេល​យប់ (Levis and Noli, ១៩៥៣) នៅ​ក្នុងវគ្គ​បង្កើត​ផ្កា និង​ចេញ​ផ្កា​ប៉េង​ប៉ោះ​ចាប់​ប្រមូល​នូវ​សារធាតុ​ចិញ្ចឹម​ទាំង​ឡាយ​ដែល​​សម្រាប់​ទ្រទ្រង់​ក្នុង​ការ​បង្ក​កំណើត។ ប៉េង​ប៉ោះ​ជា​ដំណាំ​បន្ត​ពូជ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​វា​ក៏​ជា​ដំណាំ​មួយ​ដែល​ងាយ​នឹង​បង្កាត់​ឆ្លង​ទៅ​វិញ​ទៅ​មក​ដែរ​(croos-pollinated) តាម​រយៈ​ខ្យល់សត្វ​ល្អិត ឃ្មុំ តាម​ការ​អះអាង​របស់​លោក​George ១៩៨៥ ថាវាស្វ័យ​លំអង​តាម​ធម្ម​ជាតិ ដូចនេះ​គេ​ត្រូវ​ទុក​ចន្លោះ (isolation) ចំងាយពី៣០-២០០ម សម្រាប់​ផលិត​កម្មគ្រាប់ពូជ។
ក.៤. ការ​បង្កើត​ផ្លែ
ក្រោយ​ពី​បញ្ចប់ការ​បង្ក​កំណើតក្នុង​រយៈ​ពេល៤៨-៧២​ម៉ោង រួច​មក​គេ​សង្កេត​ឃើញ​
ផ្កា​ប៉េង​ប៉ោះ​រីក​ឡើង​​ដដែល ប៉ុន្តែ​ស្រទាប់​ផ្កា (corolloa segment) មាន​ការ​ប្រែ​ប្រួល​ពណ៌​ពី​លឿង​ស្រស់​ទៅ​លឿង​ស្រាល ហើយ​សន្ទះ​គំរប​កេសស​ញី និង​ឈ្មោល​ស្អិត​ស្រពោន​ហើយ​រួញ​ជ្រុះ​ទាំង​ស្រទាប់​ផ្កា និង​សន្ទះ​កេសសទាំង​ពីរ ពេល​នោះ​គេសង្កេត​ឃើញ​កំណើត​
នៃ​ក្តិប​បង្កើត​ឡើង(Fruit-set)។ នៅ​ក្នុង​វគ្គ​នេះ​តាមការ​ស្រាវ​ជ្រាវ​របស់​លោក​ Went(១៩៤៥) បាន​អះអាង​​ថា​ការ​បង្ករ​កំណើត​ទៅ​ជា​ផ្លែ​យ៉ាង​ច្រើន​ក្នុង​កំឡុង​ពេល​បន្ត​ពូជ​តម្រូវ​ឲ្យ​មាន​
សីតុណ្ហភាព​ចន្លោះ​ពី​១៥-២៥ អង្សាសេ (ពេល​ថ្ងៃ​២៥​អង្សាសេ និង​ពេល​យប់​១៥​អង្សា​សេ)ប៉ុន្តែ​ពេលថ្ងៃកាលណា​សីតុណ្ហភាពភាពឡើង​ដល់​ទៅ ៣២​អង្សាសេ និង​ពេល​យប់​ចុះ​ទាប​ជាង​១៥អង្សាសេ​ជា​លក្ខខណ្ឌ​មួយ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​បន្ត​ពូជ និង​ការរីក​លូត​លាស់​នៃ​ផ្លែ។ ម្យ៉ាង​ទៀត​លោក​Huner and Van Huyater(១៩៨២) បាន​បក​ស្រាយ​ថា​ពេល​សី​តុណ្ហភាព​ចុះ​ទាប​ជាង​១៥អង្សាសេ ធ្វើ​ឲ្យ​ទំរង់​ផ្លែ​អាច​ប្រែ​ប្រួល​ខុស​ពី​ធម្មតា ហើយ​
សីតុណ្ហភាព​សមស្រប​បំផុត​គឺ​ជា​មធ្យម​២៤អង្សាសេ នៅ​ពេល​ថ្ងៃ និង​ពេល​យប់​១៨​អង្សាសេ​។ នៅ​ក្នុង​វគ្គទុំ​ផ្លែ​តាម​ការ​ពិសោធន៍​របស់​លោក​ Khudairi et al(១៩៧២-១៩៧៦) ថា​នៅក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ពី​២៤-២៨​អង្សាសេ​ សារធាតុ​Carotene និងLycopen មាន​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លែ​ប៉េង​ប៉ោះ​ទុំ​ពណ៌​ក្រហម។

.៣. លក្ខខណ្ឌ​បរិស្ថាន​នៃ​ដំណាំ​ប៉េង​ប៉ោះ
ប៉េង​ប៉ោះ​អាច​ដុះ​លូត​លាស់​បាន​ក្រោម​លក្ខខណ្ឌ តំបន់​វាល​រាប​រហូត​ដល់​ខ្ពង់​រាប។ រយៈកំពស់​សម​ស្រប​ចាប់​ពី​៤៥០-១២០០ម. ព្រម​ទាំង​ត្រូវការ​សំណើម​បរិយាកាស​មធ្យម​ពី​៧០-៧៥% សីតុណ្ហភា១៧-២១​អង្សាសេ និងពន្លឺ​ពី៧-១៩​ម៉ោង (ផាត់ មុនី,​១៩៩៤)។

២.៤. អត្ថ​ប្រយោជន៍
ប៉េង​ប៉ោះ​ជា​បន្លែ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីC ដែល​ល្អ​ចំពោះ​ការ​បរិភោគ ​សុខភាព និង​សម្រស់។ ប៉េង​ប៉ោះ​មាន​បី​ប្រ​ភេទ​បើ​យោង​ទៅ​តាម​ការ​ប្រើ​ប្រាស់។
ប្រភេទ​ទី១៖ គឺជា​ប្រភេទ​ទី​ផ្សារ​ផ្លែ​ធំ ប្រភេទ​នេះ​គេ​អាច​បរិភោគ​ស្រស់ ឬ​ចំអិន​ក៏បាន​។ ប្រភេទី២៖ គឺ​ប្រភេទ​ផ្លែ​តូច (Cherry) ផ្លែ​ប៉េង​ប៉ោះ​ប្រភេទ​នេះ​មាន​ទំហំ​តូច​មូល ឬ​ពង​អណ្តើក​ដែល​គេ​អាច​បរិភោគ​ស្រស់​ៗ​ធ្វើ​ជា​ផ្លែ​ឈើ ឬ​បន្លែ។ ប្រភេទទី​៣៖ គឺ​ជា​ប្រភេទ​ឧស្សាហកម្ម​សម្រាប់​យក​ទៅ​ធ្វើ​ជា​ទឹក​ប៉េង​ប៉ោះ ដំណាប់​ជា​ដើម។
           
         

ឯកសារយោង             
        -សារណា​បញ្ចប់​ការ​សិក្សា​ជំនាន់​ទី១៧ (២០០០-២០០៤) សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អំពីសាលា​រៀន​ស្រែ​កសិកម្មលើ​ដំណាំឪឡឹក​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង (ប៉ោង លាង​អូន) ទំព័រទី៣, ៧-៩។
          -សារណា​បញ្ច់​ការ​សិក្សា ថ្នាក់​បណ្តុះ​បណ្តាល​បន្ត ជំនាន់​ទី៣ (២០០២-២០០៤) សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អពី​ការ​សិក្សា​ពី​ភាព​បន្សាំ​របស់​ពូជ​ដំណាំ​ប៉េង​ប៉ោះ​ដែល​ធន់​កំដៅ​ក្នុង​រដូវ​ប្រាំង (ស៊ឺ ទេវី) ទំព័រ​ទី១, ៧, ១០-១៧។      















         



aa

mm